05/08/2022
កសិករសេដ្ឋកិច្ចពូកែពីទម្រង់ពហុវប្បកម្ម
ប៉ុន្មានឆ្នាំមកអាយនេះ ផ្ដើមពីចលនាប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច នៅឃុំឡុងស៊ើង ស្រុកកូវង៉ាង មានទម្រង់សេដ្ឋកិច្ចជាច្រើនរីកចម្រើននាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ក្នុងនោះមានកសិករថាច់ហេត កើតឆ្នាំ ១៩៦២ នៅភូមិទឹកយប់ ឃុំឡុងស៊ើងជាគំរូមួយក្នុងបណ្ដាគំរូធ្វើសេដ្ឋកិច្ចពូកែរបស់ភូមិ ហ៊ានគិតហ៊ានធ្វើ អនុវត្តជោគជ័យទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ផ្ដល់ប្រភពចំណូលជាមធ្យមក្នុងមួយឆ្នាំ ៨០ លានដុង។
លោកថាច់មិញ ប្រធានគណៈកម្មការប្រជាជនភូមិ ប្រធានក្រុមប្រិតសំចៃនិងបុលទុនរបស់សាខាសមាគមកសិករភូមិទឹកយប់ ឃុំឡុងស៊ើងឲ្យដឹងថា៖ លោកមាថាច់ហេតជាកសិករក្រីក្រ។ អាស្រ័យដោយគាត់ខិតខំរកស៊ី គ្រួសារគាត់រួចផុតភាពក្រីក្រកាលពីឆ្នាំ ២០២០។កាលនៅជាគ្រួសារក្រីក្រ គាត់បានឧបត្ថម្ភបុលទុន ២៥ លានដុងពីសមាគមកសិករសម្រាប់ធ្វើសេដ្ឋកិច្ច។ ជាពលករស្នូលក្នុងគ្រួសារ លោកមាបានគិតគូរ រកវិធីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ធើ្វដូចម្ដេចដើម្បីរួចផុតពីភាពក្រីក្រ ឈានឡើងធ្វើមានដោយកម្លាំងពលកម្មនិងការគិតគូររបស់ខ្លួន។ គាត់បានស្រាវជ្រាវ រៀនសូត្រនិងផ្លាស់ប្ដូររបៀបធ្វើសេដ្ឋកិច្ចដោយវិធីសាស្រ្ដដាំដំណាំពហុវប្បកម្មបង្វិលជុំច្រើនរដូវក្នុងមួយឆ្នាំដើម្បីនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ នេះជារបៀបធ្វើមានប្រសិទ្ធភាព សមស្របជាមួយលក្ខណៈដីធ្លីផ្នោរខ្សាច់របស់មូលដ្ឋាន ដែលកន្លែងផ្សេងបានអនុវត្តជោគជ័យ។
គាត់បានឲ្យដឹងថា ជាមួយដីផលិត ០៤ កុង រាល់ឆ្នាំគាត់ដាំននោង ០២ កុងពី ០១ - ០២ រដូវ ក្រៅពីនោះ ផលិតស្រូវ ០១ រដូវ ដាំល្ពៅ ០១ រដូវ ក្នុងមួយរដូវចំណេញពី ០៥ -១០ លានដុងក្នុងមួយកុង។ ទន្ទឹមនឹងការផលិតស្រូវ ដាំដំណាំ គាត់បានសមាគមកសិករឃុំឧបត្ថម្ភឲ្យបុលទុន១៥ លានដុងសម្រាប់ចិញ្ចឹមគោមេ មកទល់ពេលនេះ គាត់ចិញ្ចឹម គោមេបាន ០៦ ក្បាល គិតជាមធ្យមក្នុងមួយឆ្នាំលក់បាន ០២ ក្បាល ប្រភពចំណូលក្នុងមួយឆ្នាំពី ២០-៣០ លានដុង។ ទន្ទឹមនឹងនោះ រយៈពេល ០៣ ឆ្នាំជិតៗនេះ គ្រួសារលោកបានក្រុមហ៊ុនភាគហុន Salagron (ភូមិថ្មីឃុំឡុងស៊ើង) ឲ្យខ្ចីដី០៤កុងសម្រាប់ផលិតបន្ថែម។ អាស្រ័យជាដីផ្នោរខ្សាច់ ហេតុដូច្នោះគាត់ងាយស្រួលដាំឪឡឹកក្នុងមួយឆ្នាំដាំបាន ០៣ រដូវ។ រដូវកន្លងហើយនេះ ជាមួយផ្ទៃដីដាំឪឡឹក ០៤ កុង បរិមាណផលសម្រេច ០៨ តោន ចំណេញ ២០ លានដុង។ គ្រួសារលោកមាកំពុងរៀបចំត្រៀមបម្រុងដាំឪឡឹកបន្ដទៀត។
ក្រៅពីការថែទាំពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមានៅទាំងដោះស្រាយការងារធ្វើឲ្យពលករ ០៥ នាក់ ម្នាក់ៗមានប្រភពចំណូលពី ១៧០.០០០-២៥០.០០០ដុង។ ផ្ដើមពីគ្រួសារក្រលំបាក បច្ចុប្បន្ននេះបានក្លាយជាគ្រួសារមានសេដ្ឋកិច្ចគ្រាន់បើនៅមូលដ្ឋាន នោះជាលទ្ធផលបង្ហាញឲ្យឃើញនូវការខិតខំ ឈានឡើងដោយមិនខ្លាចនឿយហត់របស់កសិករមួយរូប។ អាចនិយាយថា ទម្រង់ពង្រីកសេដ្ឋកិច្ចគ្រួសារពីទម្រង់ពហុវប្បកម្មជាទម្រង់មួយមានប្រសិទ្ធភាព សមស្របជាមួយលក្ខណៈជាក់ស្ដែងរបស់មូលដ្ឋាន។ ទម្រង់នេះកំពុងបានបើកទូលាយជួយគ្រួសារប្រជាជនជាច្រើនមានឱកាសឈានឡើងពង្រីកសេដ្ឋកិច្ច កែលម្អជីវភាព រួមចំណែកកសាងជនបទថ្មីនៅមូលដ្ឋាន ៕